ខ្យល់រដូវប្រាំងបក់បោកល្វើយៗ កួចយកធូលីដីពណ៌ក្រហមទៅជាមួយ បង្កើតបានជាទេសភាពស្រអាប់នៅតាមវាលស្រែក្បែរជើងភ្នំគូលែន។ នៅកណ្ដាលវាលរហោឋាន ដែលកាលពីដើមមានប្រាសាទបុរាណមួយទ្រុឌទ្រោមដួលរំជំនួសដោយបំណែកថ្មរាយប៉ាយ និងដើមចំប៉ីព្រៃដុះរុំព័ទ្ធ។ កំលោះ ហ៊ុនខេម អាយុ ២៧ ឆ្នាំ ជាវិស្វាករសីលាសាស្រ្តបុរាណវិទ្យាដែលមានចំណូលចិត្តស្រាវជ្រាវប្រវត្តិសាស្ត្របុរាណ បានបោះជំហានយឺតៗលើគំនរបាក់បែក។ ជើងរបស់គាត់បានប៉ះនឹងថ្មដាប់មួយផ្ទាំងដែលមានចម្លាក់រចនាបទបុរាណយ៉ាងល្អវិចិត្រ។ ពេលគាត់អោនរើស ស្រាប់តែមានពន្លឺចម្លែកមួយបានចាំងផ្លេកឡើង ធ្វើឲ្យពិភពលោកជុំវិញខ្លួនរបស់គាត់ងងឹតសូន្យឈឹងមួយរំពេច។

នៅពេលហ៊ុនខេមបើកភ្នែកឡើងវិញ រូបគាត់ឃើញខ្លួនឯងឈរនៅក្នុងព្រៃភ្នំដ៏ធំមួយ ដែលមានដើមឈើខ្ពស់ៗជុំវិញ។ អ្វីៗបានប្រែប្រួល។ សំឡេងសត្វស្លាបយំ លាយឡំនឹងក្លិនផ្កាព្រៃក្រអូបឈ្ងុយឈ្ងប់ ធ្វើឲ្យគាត់ដឹងថា ខ្លួនបានឆ្លងចូលទៅកាន់ពិភពមួយផ្សេងទៀតហើយ។ ភាពស្រឡាំងកាំងបានឆក់យកអារម្មណ៍របស់គាត់រហូតភ្លេចខ្លួនថា កំពុងតែឈរគាំងស្មារតីនៅទីនោះ។ មួយសន្ទុះក្រោយមក ពន្លឺពណ៌មាសមួយបានរះចែងចាំងចេញពីដើមផ្កាចំប៉ីដ៏ធំមួយ ហើយស្រីស្អាតម្នាក់ក៏បានលេចខ្លួនចេញពីពន្លឺនោះ។ នាងស្លៀកពាក់អាវព្រែពណ៌មាស ប៉ាក់ដោយក្បាច់ខ្មែរបុរាណ ជាមួយសំពត់ហូលពណ៌បៃតងរំលេចដោយស្នាមដេរចាស់ៗ។ សក់របស់នាងខ្មៅរលើបរលោង ចងជាចំណងក្បាច់ប្រពៃណី ហើយមានផ្កាចំប៉ីមួយទងដោតជាប់។ ភ្នែករបស់នាងស្រទន់ តែលាយឡំនឹងភាពអស់សង្ឃឹម និងទុក្ខព្រួយ។ នាងមានឈ្មោះថា ស្រីអង្គុត្តរា។
ស្រីអង្គុត្តរា បានសម្លឹងមើលទៅហ៊ុនខេមដោយទឹកមុខអង្វរករ ហើយនិយាយទាំងសំឡេងខ្សាវៗថា៖ “លោកម្ចាស់...ខ្ញុំបានរង់ចាំលោកជាយូរលង់ណាស់មកហើយ។” ហ៊ុនខេម នៅតែឈរសម្លឹងនាងដោយទឹកមុខឆ្ងល់ ព្រោះមិនយល់ថាហេតុអ្វីនាងហៅគាត់ថា "លោកម្ចាស់"។ គាត់ព្យាយាមរកពាក្យនិយាយ តែសំឡេងនាងបានបន្លឺឡើងទៀត៖ “ដែនដីរបស់យើង កំពុងត្រូវសត្វកំណាចឈ្លានពាន។ ព្រះរាជា និងមេទ័ពរបស់យើង បានដួលរលំទៅហើយ។ មានតែលោកម្ចាស់ម្នាក់គត់ ដែលអាចជួយសង្គ្រោះអាណាចក្ររបស់យើងបាន... លោកម្ចាស់ ហ៊ុនខេម...” ហ៊ុនខេម ភ្ញាក់ព្រើតពេលនាងហៅឈ្មោះរបស់គាត់។ តើនាងជានរណា? ហើយហេតុអ្វីនាងស្គាល់ខ្ញុំ? រឿងអ្វីបានកើតឡើងចំពោះប្រទេសរបស់នាង? សំណួររាប់លានបានផុសឡើងក្នុងខួរក្បាលរបស់គាត់។ គាត់បានត្រឹមតែសម្លឹងមើលនាងទាំងអារម្មណ៍ច្របូកច្របល់។ ស្រីអង្គុត្តរា បានបោះជំហានមកជិតគាត់ ហើយបន្ត៖ "កាលពីបុរាណ មេទ័ពដ៏អង់អាចក្លាហានម្នាក់ បានបន់ស្រន់ដល់ទេពតា ដើម្បីសុំកម្លាំងមកការពារនគរ។ ទេពតាបានព្យាករណ៍ថា នៅពេលដែលអាណាចក្រជួបគ្រោះថ្នាក់បំផុត វិញ្ញាណរបស់មេទ័ពនោះនឹងវិលមកចាប់ជាតិជាថ្មី ដើម្បីការពារទឹកដី។ ហើយលោកម្ចាស់...គឺលោកម្ចាស់ហ្នឹងហើយ!" នាងបានលាតដៃចេញមក ហើយដៃនាងក៏បានប៉ះទៅនឹងដៃរបស់ហ៊ុនខេម។ រូបភាពចម្លែកៗជាច្រើនបានលេចឡើងក្នុងគំនិតរបស់គាត់ រួមទាំងសមរភូមិដ៏សាហាវយង់ឃ្នង ភូមិដ្ឋានរងការបំផ្លិចបំផ្លាញ និងសំឡេងយំសោកសង្រេង។ គាត់បានយល់បន្តិចម្ដងៗថា ខ្លួនកំពុងស្ថិតនៅក្នុងអតីតកាលដ៏អាថ៌កំបាំងមួយ ហើយមានភារកិច្ចដ៏ធំធេងកំពុងរង់ចាំគាត់។ បន្ទាប់ពីការជួបគ្នាដ៏គួរឱ្យតក់ស្លុត ស្រីអង្គុត្តរាបាននាំហ៊ុនខេមទៅកាន់ជម្រកសម្ងាត់មួយនៅក្បែរទឹកធ្លាក់ភ្នំគូលែន។ ទីនោះមានសភាពស្ងប់ស្ងាត់ ខុសប្លែកពីសមរភូមិដែលពោរពេញដោយផ្សែងភ្លើងនៅផ្នែកខាងក្រោមបាតភ្នំ។ យប់នោះ ពន្លឺព្រះច័ន្ទពេញបូណ៌មីបានចាំងឆ្លុះមកលើផ្ទៃទឹកត្រជាក់ស្រែប។ ហ៊ុនខេមអង្គុយលើផ្ទាំងថ្មធំមួយ សម្លឹងមើលទូរស័ព្ទដៃដែលគ្មានសេវា ប៉ុន្តែមានរូបថតគ្រួសារ និងមិត្តភក្តិ។ ស្រីអង្គុត្តរាដើរចូលមកយឺតៗ ក្នុងដៃមានថាសផ្លែឈើព្រៃ និងទឹកអប់ផ្កាចំប៉ី។ នាងសម្លឹងមើលវត្ថុចម្លែកក្នុងដៃរបស់គាត់ដោយកែវភ្នែកឆ្ងល់ តែមិនហ៊ានសួរ។ «លោកម្ចាស់... តើលោកនឹកផ្ទះណាស់មែនទេ?» នាងសួរដោយសំឡេងស្រទន់ ដែលធ្វើឱ្យបេះដូងហ៊ុនខេមលោតញាប់ខុសធម្មតា។ ហ៊ុនខេមងើបមុខឡើង សម្លឹងមើលសម្រស់របស់នាងនៅក្រោមពន្លឺព្រះច័ន្ទ។ ស្បែករបស់នាងម៉ដ្តខៃសរលោងដូចពងមាន់ហើយកែវភ្នែករបស់នាងបង្កប់ដោយភាពស្មោះត្រង់យ៉ាងជ្រាលជ្រៅ។ គាត់ដកដង្ហើមធំ រួចឆ្លើយថា៖ «ខ្ញុំនឹក... ប៉ុន្តែអ្វីដែលនៅទីនេះ ក៏ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំមានតម្លៃជាងការរស់នៅបច្ចុប្បន្នដែលមមាញឹកតែនឹងរឿងលុយកាក់ទៅទៀត។ អង្គុត្តរា... ហេតុអ្វីបានជានាងជឿជាក់លើខ្ញុំខ្លាំងម្ល៉េះ?» ស្រីអង្គុត្តរាដាក់ថាសចុះ រួចអង្គុយក្បែរជើងរបស់គាត់តាមបែបស្រ្តីខ្មែរបុរាណ។ នាងលើកដៃដ៏ស្រឡូនមកកាន់ដៃគ្រើមៗរបស់ហ៊ុនខេមថ្នមៗ៖ «កាលពីយប់មិញ ខ្ញុំបានយល់សប្តិឃើញលោកម្ចាស់។ លោកមិនមែនជាមនុស្សចម្លែកសម្រាប់ខ្ញុំទេ តែជាព្រលឹងដែលបានបាត់បង់ទៅ។ កែវភ្នែករបស់លោក... ទោះបីជាលោកមកពីសម័យកាលផ្សេង ក៏វានៅតែមានពន្លឺការពារដូចមុនដដែល។ សម្រាប់ខ្ញុំ លោកមិនមែនគ្រាន់តែជាវីរបុរសដែលមកសង្គ្រោះទឹកដីទេ ប៉ុន្តែលោកគឺជា... ម្ចាស់ជីវិតរបស់ខ្ញុំ»។ ពាក្យថា "ម្ចាស់ជីវិត" បានធ្វើឱ្យហ៊ុនខេមមានអារម្មណ៍ក្តុកក្តួល។ គាត់មិនដែលជួបមនុស្សស្រីណាដែលនិយាយពាក្យពោរពេញដោយភក្តីភាពបែបនេះឡើយក្នុងជីវិតសម័យថ្មីរបស់គាត់។ គាត់បានចាប់ដៃនាងមកកាន់វិញ រួចសម្លឹងចំភ្នែកនាង៖ «អង្គុត្តរា ខ្ញុំមិនដឹងថា ថ្ងៃស្អែកនឹងទៅជាយ៉ាងណាទេ ឬតើខ្ញុំអាចការពារនគរនេះបានឬអត់ ប៉ុន្តែមានរឿងមួយដែលខ្ញុំដឹងច្បាស់... គឺខ្ញុំនឹងមិនទុកឱ្យនាងនៅម្នាក់ឯងឡើយ»។ ស្រីអង្គុត្តរាញញឹមទាំងទឹកភ្នែករលីងរលោង។ នាងបានផ្អែកលើស្មារបស់ហ៊ុនខេម។ នៅកណ្ដាលព្រៃស្ងប់ស្ងាត់ សំឡេងបេះដូងរបស់អ្នកទាំងពីរលោតស្របគ្នា។ សម្រាប់ហ៊ុនខេម ស្រីអង្គុត្តរាមិនមែនគ្រាន់តែជាតួអង្គក្នុងប្រវត្តិសាស្ត្រទេ ប៉ុន្តែនាងគឺជា "ផ្ទះ" ថ្មីមួយដែលគាត់ចង់ការពារបំផុត។
ទោះជាយ៉ាងណា សេចក្តីសុខនេះមានរយៈពេលខ្លីណាស់។ ស្រាប់តែមានសំឡេងសម្រែកសត្វស្លាបយំផ្អើលពេញព្រៃ និងពន្លឺភ្លើងពណ៌ក្រហមឆេះឆួលនៅជើងមេឃខាងកើត។ ពួកសត្វឈ្លានពានកំពុងខិតជិតមកដល់ហើយ។ ស្រីអង្គុត្តរាងើបឈរ រួចហុចដាវបុរាណមួយដែលស្រោបដោយមាសទៅឱ្យហ៊ុនខេម៖ «ដល់ពេលហើយលោកម្ចាស់! ក្នុងនាមជាស្រ្តី ខ្ញុំនឹងនៅក្បែរលោក បើទោះបីជាត្រូវស្លាប់ ក៏ស្លាប់ក្រោមផ្លែដាវជាមួយគ្នាដែរ!» ហ៊ុនខេមចាប់ដាវយ៉ាងណែន រួចងក់ក្បាលដោយភាពជឿជាក់ទៅកម្ចាត់សត្វឈ្លានពាន។ ស្នេហារបស់ពួកគាត់មិនមែនផ្ដើមឡើងដោយផ្កាកុលាប និងការដើរកម្សាន្តនោះទេ ប៉ុន្តែវាផ្ដើមឡើងដោយ "ពាក្យសន្យានៅក្នុងភ្លើងសង្គ្រាម"។ ពន្លឺភ្លើងពណ៌ក្រហមឆេះឆួលពេញជើងមេឃ មិនមែនជាពន្លឺព្រះអាទិត្យរះទេ តែជាភ្លើងសង្គ្រាម។ សត្វឈ្លានពានដែលមានរូបរាងដូចយក្ស លាយឡំនឹងសត្វសាហាវក្នុងលោកិយបុរាណ បានសម្រុកចូលមកដល់ច្រកភ្នំ។ ហ៊ុនខេម កាន់ដាវមាសយ៉ាងណែន ក្នុងចិត្តលែងមានភាពភ័យខ្លាចដូចមុនទៀតហើយ។ គាត់បានប្រើចំណេះដឹងយុទ្ធសាស្ត្រពីសម័យទំនើប រៀបចំអន្ទាក់កណ្ដាលជ្រលងភ្នំ និងប្រើគ្រឿងផ្ទុះដែលគាត់ច្នៃពីវត្ថុធាតុដើមធម្មជាតិ។ «អង្គុត្តរា! នាំអ្នកភូមិទៅត្រើយម្ខាង ទុកទីនេះឱ្យខ្ញុំ!» ហ៊ុនខេមស្រែកបញ្ជា។ «ទេលោកម្ចាស់! ខ្ញុំនឹងបាញ់ធ្នូការពារខ្នងលោក!» ស្រីអង្គុត្តរាឆ្លើយតបទាំងចិត្តសឿង។ ការប្រយុទ្ធដ៏សាហាវបានចាប់ផ្ដើម។ ហ៊ុនខេមបានបង្ហាញពីវីរភាពដ៏អស្ចារ្យ ដាវមាសក្នុងដៃគាត់បញ្ចេញពន្លឺចែងចាំងរាល់ពេលដែលប៉ះនឹងសត្រូវ។ ដោយមានការជ្រោមជ្រែងពីស្មារតីស្នេហាជាតិ និងការចង់ការពារមនុស្សជាទីស្រឡាញ់ ទីបំផុតពួកសត្វឈ្លានពានត្រូវបានវាយបកឱ្យដកថយទៅវិញយ៉ាងអាម៉ាស់។ សំឡេងជ័យឃោសបានបន្លឺឡើងពេញផ្ទៃមេឃ អមដោយដំណក់ទឹកភ្លៀងដែលធ្លាក់មកលាងជម្រះឈាមលើសមរភូមិ។ ក្រោយជ័យជម្នះហ៊ុនខេមត្រូវបានប្រកាសរៀបចំពិធីមង្គលការយ៉ាងគគ្រឹកគគ្រេងបំផុតដើម្បីជាការតបស្នង។ ក្នុងរោងពិធីដែលតុបតែងដោយផ្កាចំប៉ី និងផ្ការំដួលក្រអូបសាយសុស ស្រីអង្គុត្តរា គ្រងឈុតអប្សរាពណ៌មាស សម្រស់របស់នាងដូចផ្កាចំប៉ីទើបតែរីកថ្មីដោយជាប់ក្កិនប្រហើរឈ្ងុយឈ្ងប់។ ហ៊ុនខេម ក្នុងឈុតសម្លៀកបំពាក់មេទ័ពបុរាណ មើលទៅសង្ហា និងអង់អាច។ ពួកគាត់ទាំងពីរបានក្រាបផ្ទឹម ចងដៃសូត្រមន្តតាមប្រពៃណីខ្មែរដើម។ «ទោះបីជាយើងមកពីពិភពផ្សេងគ្នា តែបេះដូងយើងជារបស់គ្នាទៅវិញទៅមក» ហ៊ុនខេមខ្សឹបប្រាប់កូនក្រមុំ ខណៈដែលពួកគាត់កំពុងបំពាក់ចិញ្ចៀនពន្លឺសក្ដិសិទ្ធិ។ ស្រាប់តែមានពន្លឺពណ៌សចម្លែកមួយបានលេចឡើងនៅក្បែរប្រាសាទបុរាណដែលហ៊ុនខេមបានជួបអង្គុត្តរាដំបូង។ វាគឺជា "ទ្វារពេលវេលា" ដែលកំពុងតែទាញយកវិញ្ញាណរបស់គាត់ត្រឡប់ទៅវិញ។ «អង្គុត្តរា! ខ្ញុំត្រូវទៅហើយ!» ហ៊ុនខេមស្រែកទាំងទឹកភ្នែក។ «លោកម្ចាស់... កុំបារម្ភអី និស្ស័យយើងមិនទាន់ចប់ត្រឹមនេះទេ!» ស្រីអង្គុត្តរាញញឹមទាំងទឹកភ្នែក រួចហុចផ្ការំដួលមាសមួយទងឱ្យគាត់។ ហ៊ុនខេមភ្ញាក់ដឹងខ្លួនឡើង នៅកណ្ដាលគំនរបាក់បែកនៃប្រាសាទបុរាណដដែល។ គាត់សម្លឹងមើលជុំវិញខ្លួនឃើញតែភាពស្ងប់ស្ងាត់។ គាត់គិតថាវាគ្រាន់តែជាយល់សប្តិ ប៉ុន្តែនៅពេលដែលគាត់មើលក្នុងដៃ ស្រាប់តែឃើញ "ផ្ការំដួលមាស" និង "ចិញ្ចៀនមង្គលការបុរាណ" នៅជាប់ម្រាមដៃរបស់គាត់ពិតៗ។ គាត់ដើរត្រឡប់ទៅឡានវិញទាំងអារម្មណ៍រំភើប។ ស្រាប់តែមានឡានមួយគ្រឿងទៀតមកចតក្បែរនោះ។ នារីម្នាក់ដើរចុះពីលើឡាន នាងមានមុខមាត់ដូច ស្រីអង្គុត្តរា បេះបិទ នាងស្លៀកពាក់បែបសម័យទំនើបយ៉ាងទាន់សម័យ។ នាងសម្លឹងមើលហ៊ុនខេម រួចញញឹមយ៉ាងស្រទន់៖ «សួស្ដី លោកប្រហែលជាលោក ហ៊ុនខេម ដែលជាអ្នកជំនាញសិលាសាស្ត្រមែនទេ? ខ្ញុំឈ្មោះ អង្គុត្តរា ជាបុគ្គលិកថ្មីនៃមន្ទីរវប្បធម៌... ដូចជាធ្លាប់ជួបលោកនៅកន្លែងណាមុននេះ?» ហ៊ុនខេមញញឹមទាំងទឹកភ្នែក រួចឆ្លើយថា៖ «បាទ... យើងធ្លាប់ជួបគ្នា តាំងពីយូរលង់ណាស់មកហើយ»។