អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានប្រាប់ BBC ថា សហរដ្ឋអាមេរិកកំពុងធ្វើសកម្មភាពដោយនិទណ្ឌភាព (មិនខ្លាចច្បាប់) ហើយជឿជាក់ថាអំណាចរបស់ខ្លួនមានសារៈសំខាន់ជាងច្បាប់អន្តរជាតិ។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Today របស់វិទ្យុ BBC Radio 4 លោក António Guterres បានមានប្រសាសន៍ថា «ការជឿជាក់យ៉ាងច្បាស់» របស់ទីក្រុងវ៉ាស៊ីនតោន គឺថាដំណោះស្រាយពហុភាគីលែងមានសារៈសំខាន់ទៀតហើយ។ លោកបានបន្តថា អ្វីដែលសំខាន់សម្រាប់ពួកគេគឺ «ការប្រើប្រាស់អំណាច និងឥទ្ធិពលរបស់សហរដ្ឋអាមេរិក ហើយជួនកាលក្នុងន័យនេះ គឺការប្រើប្រាស់អំណាចនៅពីលើបទដ្ឋាននៃច្បាប់អន្តរជាតិ»។
ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីសហរដ្ឋអាមេរិកបានវាយប្រហារប្រទេសវេណេស៊ុយអេឡា និងចាប់ខ្លួនប្រធានាធិបតីប្រទេសនេះ ហើយស្របពេលដែលលោក ដូណាល់ ត្រាំ បានគំរាមកំហែងដដែលៗក្នុងការកាត់យកទឹកដីហ្គ្រីនឡែន (Greenland) មកធ្វើជាចំណុះ។
លោក Guterres បាននិយាយថា លោកជឿជាក់ថាគោលការណ៍គ្រឹះនៃអង្គការសហប្រជាជាតិ រួមទាំងសមភាពនៃរដ្ឋជាសមាជិក កំពុងស្ថិតនៅក្រោមការគំរាមកំហែង។ កន្លងមក ប្រធានាធិបតី ត្រាំ ធ្លាប់បានរិះគន់អង្គការសហប្រជាជាតិយ៉ាងខ្លាំងក្លា។ លោកបានប្រើប្រាស់សុន្ទរកថានៅមហាសន្និបាតកាលពីខែកញ្ញាឆ្នាំមុន ដើម្បីចោទសួរអំពីគោលបំណងរបស់អង្គការនេះ ដោយអះអាងថា លោកបាន «បញ្ចប់សង្គ្រាមដែលមិនអាចបញ្ចប់បានចំនួន ៧» ដោយខ្លួនឯង ហើយអង្គការសហប្រជាជាតិ «សូម្បីតែព្យាយាមជួយ ក៏មិនបានធ្វើផង»។
លោក ត្រាំ បាននិយាយថា៖ «ក្រោយមក ខ្ញុំទើបដឹងថា អង្គការសហប្រជាជាតិមិនមែននៅទីនោះដើម្បីពួកយើងទេ»។
ចំពោះការវាយតម្លៃដ៏អាក្រក់នេះ លោក Guterres បានទទួលស្គាល់ថា អង្គការរបស់លោកកំពុងជួបការលំបាកក្នុងការធ្វើឱ្យសមាជិកគោរពតាមច្បាប់អន្តរជាតិដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកបានបញ្ជាក់ថា អង្គការសហប្រជាជាតិបាន «ចូលរួមយ៉ាងខ្លាំងក្លា» ក្នុងការដោះស្រាយជម្លោះធំៗលើពិភពលោក «ប៉ុន្តែអង្គការសហប្រជាជាតិគ្មានអំណាចទប់ទល់ (leverage) ឡើយ គឺមហាអំណាចទៅវិញទេដែលមានអំណាចទប់ទល់ខ្លាំងជាង»។
លោកបានចោទសួរថា តើអំណាចទប់ទល់ដ៏ខ្លាំងក្លានោះ ត្រូវបានគេយកទៅប្រើដើម្បីបង្កើតដំណោះស្រាយពិតប្រាកដ និងយូរអង្វែងសម្រាប់ជម្លោះទាំងនោះ ឬគ្រាន់តែជាការដោះស្រាយបែបបង្កប់បង្កើយតែប៉ុណ្ណោះ។ លោកបានកត់សម្គាល់ថា៖ «វាមានភាពខុសគ្នាខ្លាំងរវាងរឿងទាំងពីរនេះ»។ លោក Guterres ក៏បាននិយាយដែរថា អង្គការរបស់លោកត្រូវការការកែទម្រង់ដើម្បីដោះស្រាយ «បញ្ហា និងការប្រឈមដ៏ធ្ងន់ធ្ងរ» ដែលសមាជិកទាំង ១៩៣ កំពុងជួបប្រទះ។
ប្រធាន UN រូបនេះបាននិយាយថា៖ «មានអ្នកខ្លះជឿថា អំណាចនៃច្បាប់ គួរតែត្រូវបានជំនួសដោយច្បាប់នៃអំណាចវិញ»។ «តាមពិតទៅ នៅពេលដែលគេឃើញគោលនយោបាយបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក វាមានការជឿជាក់យ៉ាងច្បាស់ថា ដំណោះស្រាយពហុភាគីគឺមិនពាក់ព័ន្ធ ហើយអ្វីដែលសំខាន់គឺការប្រើប្រាស់អំណាច និងឥទ្ធិពលរបស់សហរដ្ឋអាមេរិក...»។ លោកបានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបង្កើតឡើងដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លែងតំណាងឱ្យពិភពលោកទៀតហើយ និង «គ្មានប្រសិទ្ធភាព»។
សមាជិកអចិន្ត្រៃយ៍ណាមួយនៃក្រុមប្រឹក្សា រួមមាន បារាំង ចិន រុស្ស៊ី ចក្រភពអង់គ្លេស ឬសហរដ្ឋអាមេរិក អាចប្រើសិទ្ធិវ៉េតូ (Veto) ដើម្បីបដិសេធសេចក្តីសម្រេចចិត្តផ្សេងៗ។ ទាំងរុស្ស៊ី និងសហរដ្ឋអាមេរិក បានប្រើប្រាស់អំណាចនេះ ដើម្បីរារាំងកិច្ចប្រឹងប្រែងជាសកលក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងហ្គាហ្សា។ លោក Guterres បានអះអាងថា សិទ្ធិវ៉េតូកំពុងត្រូវបានប្រើដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់សមាជិកម្នាក់ៗ ហើយលោកបានរិះគន់ការពិតដែលថាមាន «ប្រទេសអឺរ៉ុបចំនួនបី» ជាសមាជិកអចិន្ត្រៃយ៍។
លោកបានអំពាវនាវឱ្យមានការផ្លាស់ប្តូរសមាសភាពនៃក្រុមប្រឹក្សា ដើម្បី «ទទួលបានភាពស្របច្បាប់ឡើងវិញ» និង «ផ្តល់សំឡេងដល់ពិភពលោកទាំងមូល» ព្រមទាំងដាក់កម្រិតលើអំណាចវ៉េតូ ដើម្បីជៀសវាងការ «រារាំង» ដែលមិនអាចទទួលយកបាន។ លោក Guterres ដែលជាអតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ បានចូលកាន់តំណែងជាប្រធាន UN ក្នុងឆ្នាំ ២០១៧ ហើយនឹងចាកចេញពីតំណែងនៅចុងឆ្នាំនេះ។
នៅក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់មហាសន្និបាត លោកបានព្រមានអំពីពិភពលោកដែលស្ថិតក្នុងភាពច្របូកច្របល់ «ពោរពេញដោយជម្លោះ និទណ្ឌភាព វិសមភាព និងភាពមិនអាចទាយទុកជាមុនបាន» ហើយលោកបានកំណត់ថា «ការរំលោភច្បាប់អន្តរជាតិយ៉ាងគឃ្លើន» គឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយដែលសណ្តាប់ធ្នាប់សកលកំពុងជួបប្រទះ។ ជម្លោះមួយក្នុងចំណោមជម្លោះដែលលោក Guterres ចាត់ទុកថាជាចំណុចសំខាន់សម្រាប់ UN គឺនៅតំបន់ហ្គាហ្សា។
ក្នុងអំឡុងពេលសង្គ្រាម អង្គការសហប្រជាជាតិត្រូវបានរារាំងមិនឱ្យចែកចាយជំនួយ ខណៈដែលអ៊ីស្រាអែលបានរារាំងអង្គការមនុស្សធម៌អន្តរជាតិមិនឱ្យនាំជំនួយចូលក្នុងទឹកដីនោះ។ មានពេលមួយ អ៊ីស្រាអែលថែមទាំងបានគាំទ្រអ្នកម៉ៅការខាងក្រៅ គឺអង្គការមនុស្សធម៌ហ្គាហ្សា (GHF) ឱ្យធ្វើការងារដែល UN ធ្លាប់ធ្វើរាប់ទសវត្សរ៍មកហើយ។ ជនជាតិប៉ាឡេស្ទីនរាប់រយនាក់ត្រូវបានសម្លាប់ ខណៈព្យាយាមចូលទៅយកអាហារនៅទីតាំងរបស់ GHF។
នៅពេលសួរថា តើលោកមើលឃើញថា UN គ្មានអំណាចនៅក្នុងតំបន់ហ្គាហ្សា ដែលជាកន្លែងដែលខ្លួនគួរតែបង្កើតភាពខុសប្លែកគ្នាមែនដែរឬទេ លោកបានឆ្លើយថា៖ «ពិតណាស់ ប៉ុន្តែសូមនិយាយឱ្យច្បាស់។ អស់រយៈពេលជាយូរមកហើយ អ៊ីស្រាអែលបាននិយាយថា ជំនួយមនុស្សធម៌មិនត្រូវបានចែកចាយដោយសារតែ UN មិនអាចធ្វើបាន។ ជាការពិតណាស់ នៅពេលណាដែលអ៊ីស្រាអែលមិនអនុញ្ញាតឱ្យយើងចូលទៅក្នុងហ្គាហ្សា យើងក៏មិនអាចចូលបានដែរ។ ហើយបន្ទាប់មកនៅពេលមានបទឈប់បាញ់ ទើបមានលំហូរជំនួយមនុស្សធម៌យ៉ាងច្រើន»។ លោកបានសង្កត់ធ្ងន់ថា៖ «យើងបានត្រៀមខ្លួនជាស្រេច ប្រសិនបើពួកយើងមានលក្ខខណ្ឌអំណោយផល»។
កាលពីប៉ុន្មានថ្ងៃមុន លោក Guterres បានប្រាប់មហាសន្និបាត UN ថា «ការដោះស្រាយបញ្ហាបែបឆ្នាំ ១៩៤៥» នឹងមិនអាចដោះស្រាយបញ្ហានៃឆ្នាំ ២០២៦ បានទេ ដោយលោកចង់សំដៅលើរចនាសម្ព័ន្ធបង្កើតឡើងដំបូងរបស់អង្គការនេះ។ បញ្ហាប្រឈមនៅតែបន្តកើតមាន ជាមួយនឹងការផ្លាស់ប្តូរអ្នកដឹកនាំនៅវេណេស៊ុយអេឡាដែលបង្ខំដោយអាមេរិក កងកម្លាំងរបបនៅអ៊ីរ៉ង់សម្លាប់អ្នកតវ៉ារាប់ពាន់នាក់ និងគោលបំណងរបស់លោក ដូណាល់ ត្រាំ ក្នុងការកាត់យកទឹកដីហ្គ្រីនឡែន។ សំណួរអំពីមរណភាពនៃពហុភាគីនិយម និងការបរាជ័យរបស់អ្នកដឹកនាំពិភពលោកមួយចំនួនក្នុងការចេញមុខការពារច្បាប់អន្តរជាតិ កំពុងតែលាន់ឮខ្លាំងឡើងៗ។
ប៉ុន្តែលោក Antonio Guterres បានប្រាប់ខ្ញុំថា លោកនៅតែមានសុទិដ្ឋិនិយម។ លោកបាននិយាយថា៖ «ខ្ញុំគិតថាមនុស្សជួនកាលស្ទាក់ស្ទើរក្នុងការប្រឈមមុខនឹងអ្នកមានអំណាច។ ប៉ុន្តែការពិតគឺថា ប្រសិនបើយើងមិនប្រឈមមុខនឹងអ្នកមានអំណាចទេ យើងនឹងមិនអាចមានពិភពលោកដែលប្រសើរជាងនេះបានឡើយ»។