
យោងតាមទិន្នន័យផ្លូវការចុងក្រោយបង្អស់ពីសហរដ្ឋអាមេរិក ចេញផ្សាយកាលពីថ្ងៃសុក្រ បានបង្ហាញពីរបត់ថ្មីមួយនៃពាណិជ្ជកម្មសកល ដោយប្រទេសវៀតណាមបានហក់ឡើងមកកាន់តំណែងកំពូលជាប្រទេសដែលមានអតិរេកពាណិជ្ជកម្មច្រើនជាងគេបំផុតជាមួយសហរដ្ឋអាមេរិកក្នុងខែមករា ឆ្នាំ២០២៦។ ជោគជ័យនេះបានធ្វើឱ្យវៀតណាមវ៉ាដាច់ដៃគូពាណិជ្ជកម្មយក្សធំៗគឺចិន និងម៉ិកស៊ិក ខណៈដែលសកម្មភាពនាំចេញរបស់ខ្លួនបានហក់ឡើងយ៉ាងគំហុក។
យោងតាមតួលេខជាក់ស្តែង អតិរេកពាណិជ្ជកម្មរបស់វៀតណាមជាមួយសហរដ្ឋអាមេរិកក្នុងខែមករាបានឈានដល់ ១៩ ពាន់លានដុល្លារ ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមដៃគូពាណិជ្ជកម្មទាំងអស់ បន្ទាប់មកគឺតៃវ៉ាន់ ម៉ិកស៊ិក និងចិន។ ការកើនឡើងនេះត្រូវបានជំរុញដោយការនាំចេញរបស់ទីក្រុងហាណូយទៅកាន់អាមេរិកដែលបានស្ទុះឡើងដល់ ៥៣% ឬស្មើនឹងជាង ២០ ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផ្ទុយទៅវិញ ការនាំចូលទំនិញដោយផ្ទាល់របស់សហរដ្ឋអាមេរិកពីប្រទេសចិនបានដាំក្បាលចុះរហូតដល់ ៤៦%។
និន្នាការនៃការផ្លាស់ប្តូរលំហូរពាណិជ្ជកម្មនេះ បានកើតឡើងជាបន្តបន្ទាប់ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៥ មកម៉្លេះ ខណៈដែលការដំឡើងពន្ធគយខ្ពស់លើទំនិញចិនពីសំណាក់រដ្ឋបាលអាមេរិក បានធ្វើឱ្យក្រុមហ៊ុននានាងាកមករកវៀតណាមជំនួសវិញ។ ទោះជាយ៉ាងណាក៏ដោយ កំណើនដ៏មហិមានេះក៏បាននាំមកនូវភាពតានតឹងផ្នែកនយោបាយផងដែរ។ រដ្ឋបាលលោក Trump បានចោទប្រកាន់ម្តងហើយម្តងទៀតថា វៀតណាមកំពុងដើរតួជា "ចំណុចឆ្លងកាត់" សម្រាប់ទំនិញចិនដែលព្យាយាមគេចពន្ធដោយប្តូរស្លាកសញ្ញាជា "ផលិតនៅវៀតណាម" (Made in Vietnam)។
បច្ចុប្បន្ន ទីក្រុងហាណូយ និងទីក្រុងវ៉ាស៊ីនតោន កំពុងស្ថិតក្នុងដំណាក់កាលចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏តឹងតែងដែលអូសបន្លាយអស់រយៈពេលជាច្រើនខែ។ បញ្ហាចម្បងដែលរារាំងដល់ការសម្រេចកិច្ចព្រមព្រៀង គឺគម្លាតពាណិជ្ជកម្មដ៏ធំសម្បើម និងការមិនចុះសម្រុងគ្នាលើអត្រាពន្ធ។ សេតវិមានបានព្រមានពីការដាក់ពន្ធគយរហូតដល់ ៤០% លើទំនិញណាដែលរកឃើញថាមានការដឹកជញ្ជូនឆ្លងដែនខុសច្បាប់ ហើយកាលពីសប្តាហ៍នេះ អាមេរិកក៏បានចាប់ផ្តើមការស៊ើបអង្កេតជាផ្លូវការលើវៀតណាមជុំវិញការអនុវត្តពាណិជ្ជកម្មដែលមិនយុត្តិធម៌ផងដែរ។
អ្នកជំនាញមើលឃើញថា ខណៈដែលវៀតណាមកំពុងទទួលបានផលចំណេញសេដ្ឋកិច្ចយ៉ាងខ្លាំងពីការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ចេញពីចិន ប្រទេសអាស៊ីអាគ្នេយ៍មួយនេះក៏កំពុងស្ថិតក្រោមការតាមដានយ៉ាងដិតដល់បំផុតពីសំណាក់រដ្ឋបាលអាមេរិក ដែលអាចនាំឱ្យមានការរឹតបន្តឹងពាណិជ្ជកម្មបន្ថែមទៀតនៅពេលខាងមុខ ប្រសិនបើបញ្ហាអតិរេកដ៏លើសលប់នេះមិនត្រូវបានដោះស្រាយ៕