
ខណៈដែលប្រតិបត្តិការយោធា "Epic Fury" របស់សហរដ្ឋអាមេរិក និង "Roaring Lion" របស់អ៊ីស្រាអែល កំពុងវាយសម្រុកយ៉ាងខ្លាំងក្លាទៅលើប្រទេសអ៊ីរ៉ង់ ក្រុមអ្នកជំនាញយោធាបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងអំពីភាពខ្សត់ខ្សោយនៃឃ្លាំងគ្រាប់មីស៊ីលការពារដែនអាកាស Patriot ដែលកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន។
យោងតាមរបាយការណ៍ចុងក្រោយ កងកម្លាំងការពារអាកាសអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់រួមមាន កាតា បារ៉ែន គុយវ៉ែត និងអារ៉ាប់រួម បានកំពុងប្រើប្រាស់ប្រព័ន្ធស្ទាក់ចាប់មីស៊ីល MIM-104 Patriot យ៉ាងសន្ធាប់ដើម្បីបាញ់ទម្លាក់ដ្រូន និងមីស៊ីលវាយបករបស់អ៊ីរ៉ង់។ ជាក់ស្តែង ប្រទេសគុយវ៉ែតបានបញ្ជាក់ថា ខ្លួនបានរងការវាយប្រហារដោយមីស៊ីលបាលីស្ទិកចំនួន ៩៧ គ្រាប់ និងដ្រូនចំនួន ២៨៣ គ្រឿង ត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ។
ស្ថានភាពនេះបានធ្វើឱ្យស្តុកមីស៊ីលប្រភេទ PAC-3 របស់អាមេរិកធ្លាក់ចុះដល់កម្រិតព្រួយបារម្ភ ត្បិតអីអាវុធប្រភេទនេះក៏កំពុងត្រូវបានប្រើប្រាស់យ៉ាងខ្លាំងក្លានៅក្នុងសមរភូមិអ៊ុយក្រែនផងដែរ។ លោក Seth Jones ប្រធានផ្នែកការពារជាតិនៅមជ្ឈមណ្ឌល CSIS បានលើកឡើងថា ទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក សុទ្ធតែមិនមានគ្រាប់រំសេវគ្រប់គ្រាន់សម្រាប់ការធ្វើសង្គ្រាមដែលអូសបន្លាយពេលច្រើនសប្តាហ៍ ឬច្រើនខែនោះទេ។
ទោះបីជាក្រុមហ៊ុនផលិតអាវុធយក្ស Lockheed Martin គ្រោងបង្កើនផលិតកម្មពី ៦០០ គ្រាប់ ទៅ ២,០០០ គ្រាប់ក្នុងមួយឆ្នាំក៏ដោយ ប៉ុន្តែដំណើរការនេះត្រូវចំណាយពេលយូរ ដែលមិនអាចឆ្លើយតបនឹងតម្រូវការបន្ទាន់នៅមជ្ឈិមបូព៌ាបានភ្លាមៗឡើយ។ ជាពិសេស តម្លៃនៃមីស៊ីលស្ទាក់ចាប់ PAC-3 មួយគ្រាប់ មានតម្លៃខ្ពស់រហូតដល់ប្រហែល ៣.៧ លានដុល្លារឯណោះ។
ស្របពេលដែលស្ថានភាពយោធាកំពុងតានតឹង ទីផ្សារហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកក៏បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។ សន្ទស្សន៍ភាគហ៊ុនសំខាន់ៗបានដាំក្បាលចុះយ៉ាងគំហុក ដោយក្នុងនោះ Dow Jones ធ្លាក់ចុះ ២.៥៧%, Nasdaq ធ្លាក់ចុះ ២.៦៣% និង S&P 500 ធ្លាក់ចុះ ២.៤៥%។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗដូចជា Tesla ក៏បានធ្លាក់ចុះដល់ទៅ ៣.៧៨% ចំណែក Nvidia ធ្លាក់ចុះ ២.១៦%។
អ្នកវិភាគយុទ្ធសាស្ត្របានមើលឃើញថា ភាពរីងស្ងួតនៃឃ្លាំងអាវុធអាមេរិកនៅមជ្ឈិមបូព៌ា គឺជាឱកាសចំណេញយុទ្ធសាស្ត្រសម្រាប់ប្រទេសចិន។ លោក Mick Ryan អតីតឧត្តមសេនីយ៍អូស្ត្រាលី បានសង្កេតឃើញថា កាលណាអាមេរិកប្រើប្រាស់គ្រាប់រំសេវ និងចំណាយការយកចិត្តទុកដាក់កាន់តែច្រើននៅអ៊ីរ៉ង់ វានឹងធ្វើឱ្យសមត្ថភាពការពាររបស់អាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានភាពចុះខ្សោយ ដែលជាចំណុចវិជ្ជមានសម្រាប់យុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំង៕