វិញ្ញាណអមតៈនៃដើមឈើទាល គឺជាដួងព្រលឹងខ្មែរក្រោមចារឹកដោយឈាមវីរបុរសឧកញ៉ាសឺនគុយ
- ខ្ញុំ ព្រមបូជាជីវិតជូនដល់សត្រូវ ដើម្បីប្តូរយកនូវសិទ្ធិសេរីភាព ជំនឿសាសនា និងវប្បធម៌ខ្មែរឱ្យបានរស់រានមានជីវិតនៅលើដែនដីកម្ពុជាក្រោមនេះ។
- សូមឱ្យបងប្អូន ជនរួមជាតិទាំងអស់ រួមគ្នារក្សានូវអក្សរសាស្ត្រ សាសនា និងទំនៀមទម្លាប់មរតកដូនតាឱ្យបានគង់វង្សជានិច្ចនិរន្តរ៍។ ទោះបីរូបកាយខ្ញុំស្លាប់ តែព្រលឹងខ្ញុំនៅតែស្ថិតនៅជាមួយទឹកដី និងបងប្អូនជានិច្ច។
ក្នុងដែនដីកម្ពុជាក្រោមដ៏ធំល្វឹងល្វើយ ដែលជាមត៌កដូនតាខ្មែរតាំងពីបុរាណកាល មាននិមិត្តរូបដ៏ស័ក្តិសិទ្ធិមួយឈរត្រដែតត្រដឹម នោះគឺ "ដើមឈើទាលឧកញ៉ាសឺនគុយ" នៅខេត្តព្រះត្រពាំង។ ដើមឈើទាំងនេះមិនមែនត្រឹមតែជាព្រឹក្សាធម្មតានោះទេ ប៉ុន្តែវាគឺជា "សាក្សីមរតក" ដែលចារឹកនូវប្រវត្តិសាស្ត្រដ៏ជូរចត់ និងវីរភាពដ៏ឧត្តុង្គឧត្តមរបស់វីរបុរសខ្មែរម្នាក់ គឺ ឧកញ៉ាសឺនគុយ។
ដើមឈើទាលនេះ ប្រៀបបាននឹងសុមេរុរាជដែលទ្រទ្រង់ព្រលឹងខ្មែរក្រោមមិនឱ្យរលាយបាត់បង់។ មែកធាងដែលយោលទៅតាមខ្យល់ បន្លឺសូរសៀងហាក់បីដូចជាការរំលឹកនូវពាក្យពេចន៍សច្ចាប្រណិធានរបស់ឧកញ៉ាសឺនគុយ។ ឫសដែលចាក់ជ្រៅទៅក្នុងមាតុភូមិ គឺជាចំណងមេត្រីភាពរវាងកូនខ្មែរ និងទឹកដីដែលមិនអាចមានសត្រូវណាមកកាត់ផ្តាច់បានឡើយ។
កាលបើពោលដល់ដើមឈើទាល យើងមិនអាចបំភ្លេចបានឡើយនូវវិរភាពរបស់ ឧកញ៉ាសឺនគុយ ដែលជាអតីតចៅហ្វាយខេត្តព្រះត្រពាំង។ លោកគឺជាវីរបុរសដែលបានយក "ក្បាល" ទៅដោះដូរជាមួយសេរីភាពជំនឿសាសនា និងវប្បធម៌ខ្មែរ។ ក្នុងគ្រាដែលអាណានិគមព្យាយាមលុបបំបាត់អត្តសញ្ញាណខ្មែរ លោកបានស៊ូស្លាប់ក្រោមមុខដាវសត្រូវ ដើម្បីរក្សាទុកនូវដង្ហើមព្រះពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរឱ្យនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

បច្ចុប្បន្ន ដើមឈើទាលនិងរូបសំណាកឧកញ៉ាសឺនគុយ បានក្លាយជាទីសក្ការៈ និងជាកន្លែងដាស់តឿនស្មារតីកូនខ្មែរគ្រប់រូប។ ឱ្យតែឮសូរខ្យល់បោកបក់កាត់ស្លឹកឈើទាល កូនខ្មែរតែងនឹកឃើញដល់កម្ពុជាក្រោម នឹកឃើញដល់ទឹកដីដែលបាត់បង់ ហើយនៅតែព្រលឹង។ វឌ្ឍនភាពនៃស្មារតីនេះ បំភ្លឺផ្លូវឱ្យខ្មែរកម្ពុជាក្រោម ដើរឆ្ពោះទៅរកពន្លឺនៃសេរីភាព និងយុត្តិធម៌។
ដើមឈើទាល និងវីរភាពឧកញ៉ាសឺនគុយ គឺជាប្រវត្តិសាស្រ្តដែលចារឹកលើផែនដីពិត។ ដរាបណាដើមឈើទាលនៅតែមានស្លឹក បេះដូងកូនខ្មែរនៅតែមានឧកញ៉ាសឺនគុយ ហើយដរាបណានៅមានកូនខ្មែរ ដែនដីកម្ពុជាក្រោមនឹងមិនត្រូវបានបំភ្លេចឡើយ។
