ភូមិសាស្ត្រព្រំដែនកម្ពុជា ដង់ស៊ីតេប្រជាជន និងសក្ដានុពលសេដ្ឋកិច្ចជាប់ប្រទេសជិតខាង (ថៃ វៀតណាម ឡាវ)

១. ច្រករបៀងសេដ្ឋកិច្ចភាគខាងលិច៖ ព្រំដែនកម្ពុជា-ថៃ ប្រទេសថៃមានខេត្តចំនួន ៧ ដែលស្ថិតនៅជាប់តាមបណ្តោយព្រំដែនកម្ពុជា ចាប់តាំងពីខេត្តអ៊ូប៊ុនរាជធានី ស៊ីសាកេត សុរិន្ទ និងបុរីរម្យ នៅប៉ែកខាងជើងឈៀងខាងកើត រហូតចុះមកដល់ខេត្តស្រះកែវ ច័ន្ទបុរី និងត្រាត នៅប៉ែកខាងត្បូង។ តំបន់ព្រំដែននេះត្រូវបានខណ្ឌដោយជួរភ្នំដងរែក និងជួរភ្នំក្រវាញ ដែលជាខែលធម្មជាតិយ៉ាងរឹងមាំ។ បើពិនិត្យលើដង់ស៊ីតេប្រជាជន ខេត្តសុរិន្ទ និងស៊ីសាកេត នាំមុខគេដែលមានមនុស្សរស់នៅណែនណាប់ជាងគេ (ប្រហែល ១៦៥ ទៅ ១៧០ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ) ដោយសារសកម្មភាពកសិកម្ម និងភូមិករដ៏សម្បូរបែប។ ផ្ទុយទៅវិញ ខេត្តស្រះកែវ ច័ន្ទបុរី និងត្រាត បើទោះបីជាមានដង់ស៊ីតេប្រជាជនទាបជាង (ចន្លោះពី ៧៩ ទៅ ៨៥ នាក់) ប៉ុន្តែខេត្តទាំងនេះជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ តាមរយៈច្រកទ្វារអន្តរជាតិធំៗដូចជា ច្រកប៉ោយប៉ែត-អារញ្ញប្រាថេត ច្រកចាំយាម និងច្រកដូង/ព្រំ ដែលទាក់ទាញលំហូរពាណិជ្ជកម្ម និងអ្នកវិនិយោគយ៉ាងមមាញឹក។
| ឈ្មោះខេត្ | ចំនួនប្រជាជនសរុប |
|---|---|
| ១. អ៊ូប៊ុនរាជធានី (Ubon Ratchathani) | ១,៨៧ លាននាក់ |
| ២. ស៊ីសាកេត (Si Sa Ket) | ១,៤៦ លាននាក់ |
| ៣. សុរិន្ទ (Surin) | ១,៣៩ លាននាក់ |
| ៤. បុរីរម្យ (Buri Ram) | ១,៥៩ លាននាក់ |
| ៥. ស្រះកែវ (Sa Kaeo) | ៥៦ ម៉ឺននាក់ |
| ៦. ច័ន្ទបុរី (Chanthaburi) | ៥៣ ម៉ឺននាក់ |
| ៧. ត្រាត (Trat) | ២៣ ម៉ឺននាក់ |
នៅប៉ែកខាងកើត កម្ពុជាមានព្រំប្រទល់ជាប់នឹងខេត្តចំនួន ១០ របស់វៀតណាម ដែលលាតសន្ធឹងពីតំបន់ខ្ពង់រាបដូចជា ខេត្តកនទុម យ៉ាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ិញភឿក រហូតមកដល់តំបន់វាលទំនាបដីសណ្ដទន្លេមេគង្គ រួមមានខេត្តតៃនិញ ឡុងអាង ដុងថាប់ អានយ៉ាង និងគៀនយ៉ាង។ ភាពខុសគ្នាដាច់ស្រឡះនៃដង់ស៊ីតេប្រជាជនត្រូវបានគេសង្កេតឃើញនៅទីនេះ។ នៅតំបន់ខ្ពង់រាបភាគខាងលើ មនុស្សរស់នៅមានលក្ខណៈដាច់ៗពីគ្នា (ដង់ស៊ីតេត្រឹម ៦០ ទៅ ១៥០ នាក់) ប៉ុន្តែនៅពេលឈានចូលដល់តំបន់វាលទំនាបភាគខាងក្រោម ជាពិសេសខេត្តអានយ៉ាង និងដុងថាប់ ដង់ស៊ីតេប្រជាជនបានហក់ឡើងខ្ពស់ខ្លាំង (រហូតដល់លើសពី ៥០០ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ)។ ភាពកកកុញនៃប្រជាសាស្ត្រនេះ ធ្វើឱ្យតំបន់ដីសណ្ដក្លាយជាទីផ្សារដ៏ធំ និងជាច្រករបៀងសេដ្ឋកិច្ចដ៏មានសក្ដានុពលបំផុតសម្រាប់ការផ្លាស់ប្តូរទំនិញ ពិសេសតាមច្រកបាវិត-ម៉ុកបៃ ក្នុងខេត្តតៃនិញ។
| ឈ្មោះខេត្ | ចំនួនប្រជាជនសរុប |
|---|---|
| ១. កនទុម (Kon Tum | ៥៩០,០០០ |
| ២. យ៉ាឡាយ (Gia Lai) | ១,៤៦ លាននាក់ |
| ៣. ដាក់ឡាក់ (Dak Lak) | ១,៩ លាន |
| ៤. ដាក់ណុង (Dak Nong) | ៦៨០,០០០ |
| ៥. ប៊ិញភឿក (Binh Phuoc) | ១,០៣ លាន |
| ៦. តៃនិញ (Tay Ninh) | ១,២ លាន |
| ៧.ឡុងអាង (Long An) | ១,២ លាន |
| ៨. ដុងថាប់ (Dong Thap) | ១,៦ លាន |
| ៩. អានយ៉ាង (An Giang) | ១,៩ លាន |
| ១០. គៀនយ៉ាង (Kien Giang) | ១,៧៥ លាន |
ដោយឡែក ព្រំដែនកម្ពុជា-ឡាវ ដែលមានប្រវែងប្រហែល ៥៤១ គីឡូម៉ែត្រ ត្រូវបានតភ្ជាប់ដោយខេត្តចំនួនពីរគឺ ចម្ប៉ាសាក់ និងអាត់តឺពើ។ ផ្ទុយពីថៃ និងវៀតណាម តំបន់ព្រំដែនឡាវមានដង់ស៊ីតេប្រជាជនទាបបំផុត ដោយខេត្តចម្ប៉ាសាក់មានត្រឹម ៤៨ នាក់ និងខេត្តអាត់តឺពើមានត្រឹមតែ ១៦ នាក់ប៉ុណ្ណោះក្នុងមួយគីឡូម៉ែត្រការ៉េ។ ភូមិសាស្ត្រដែលខណ្ឌដោយទន្លេមេគង្គ និងជួរភ្នំអាណ្ណាមនេះ បើទោះបីជាមានប្រជាជនរស់នៅតិចតួច ប៉ុន្តែវាជាតំបន់យុទ្ធសាស្ត្រសម្រាប់ការដោះដូរធនធានធម្មជាតិ កសិផល និងជាប្រភពថាមពលអគ្គិសនីដ៏សំខាន់សម្រាប់កម្ពុជា តាមរយៈច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល-ណងណុកឃៀន។
| ឈ្មោះខេត្ | ចំនួនប្រជាជនសរុប |
|---|---|
| ១. ខេត្តចម្ប៉ាសាក់ (Champasak) | ៧៥ ម៉ឺននាក់ |
| ២. ខេត្តអាត់តឺពើ (Attapeu) | ១៦ ម៉ឺននាក់ |

